ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន ២០២៣-២០២៨» និង «យុទ្ធនាការផ្ទៃមេឃណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ២០២៥នៅកម្ពុជា»
ភ្នំពេញ៖ ក្រសួងបរិស្ថាន រួមជាមួយអង្គការពាក់ព័ន្ធ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន ២០២៣-២០២៨» និង «យុទ្ធនាការផ្ទៃមេឃណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ២០២៥នៅកម្ពុជា»។
ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយអង្គការដៃគូ ដែលធ្វើការលើវិស័យបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន។រយៈពេលជាង២ទសវត្សរ៍មកនេះ កម្ពុជាបានសម្រេចនូវសមិទ្ធផលជាច្រើន តាមរយៈការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ ដំណាក់កាល។ ដើម្បីបន្តវឌ្ឍនភាព ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សានូវចីរភាព។
អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ និងផ្អែកលើមូលដ្ឋានច្បាប់ គោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»។
យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ បានរៀបចំឡើងក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ផ្តោតសំខាន់លើកម្លាំងបង្វិល៣ធំៗ គឺទី១៖ គោលនយោបាយ, ទី២៖ រដ្ឋបាលឌីជីថល និងទី៣៖ ការផ្សព្វផ្សាយ ដែលជាកម្លាំងចលកររុញនាវាកម្ពុជាឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺ ភាពស្អាត ភាពបៃតង និងចីរភាព។
យុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន ២០២៣-២០២៨ នឹងប្រើប្រាស់ ជាផែនទីបង្ហាញផ្លូវក្នុងការអនុវត្តឱ្យចំគោលដៅអាទិភាព ផ្តល់សេវាសាធារណៈឱ្យចំតម្រូវការរបស់សាធារណជន និងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យក្លាយទៅជាឧត្តមប្រយោជន៍បម្រើដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់ និងចូលរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកល។
ដោយឡែកសម្រាប់ «យុទ្ធនាការផ្ទៃមេឃណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ២០២៥នៅកម្ពុជា» គឺមានសារៈសំខាន់ក្នុងការរក្សាសីតុណ្ហភាពពិភព លោកអោយស្ថិតក្រោម ១.៥ អង្សាសេ។ ក្នុងន័យនេះអាចថែរក្សាផ្ទៃមេឃអោយនៅពណ៌ខៀវ និងអាកាសធាតុដែលមានស្ថិរភាពឱ្យទៅកូនចៅជំនាន់ក្រោយ។ នៅឆ្នាំ២០២០ វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានចាប់ផ្ដើម និងរៀបចំយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នស្មើសូន្យ ២០៥០ (Blue Skies & Net Zero 2050) ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណៈ អំពីការប្រែប្រួលអាកាសធាតុ និងជួយដល់សកម្មភាព អាកាសធាតុប្រកបដោយគោលដៅរបស់ប្រទេសនានា។
យុទ្ធនាការមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នស្មើសូន្យ ២០៥០ ជាវេទិកាមួយដែលជួយដល់ភាគីពាក់ ព័ន្ធនានាក្នុងការចូលរួមជាមួយស្ថាប័នរដ្ឋាភិបាលក្នុងការសម្រេចឱ្យបានគោលដៅការបញ្ចេញឧស្ម័នស្មើសូន្យត្រឹមឆ្នាំ២០៥០ តាមរយៈការលើកកម្ពស់ការយល់ដឹងអំពីសកម្មភាពអាកាសធាតុដែលបង្កើតឱ្យមានផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នស្មើសូន្យ។ យុទ្ធនាការនេះក៏នឹងជួយផ្ដល់ជូននូវដំណោះស្រាយជាក់ស្ដែងតាមរយៈភាពជាដៃគូរវាងរដ្ឋាភិបាល សហគមន៍មូលដ្ឋាន និងវិស័យពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។
ក្នុងនោះផងដែរ យុទ្ធនាការនេះ ចង់លើកយកការអនុវត្តថ្មីៗ និងល្អៗដែលអាចធ្វើទៅបានជាជាងការអនុវត្ដដើរតាមគន្លងចាស់ (វិធីសាស្ត្រដដែលៗ) កន្លងមក ដែលនាំឱ្យមានការបំពុលបរិយាកាស។
សម្រាប់ប្រទេសកម្ពុជា យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជន និងភាគីសំខាន់ៗ ដើម្បីចែករំលែកចំណេះដឹង និងព័ត៌មាន អំពីគ្រោះថ្នាក់របស់ខ្យល់កខ្វល់ ដើមហេតុ និងដំណោះស្រាយនានាជាសំខាន់ផងដែរ សកម្មភាពរបស់យុទ្ធនាការផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នស្មើសូន្យ ២០៥០ មានទិសដៅស្របទៅតាមអាទិភាពរបស់រាជរដ្ឋាភិបាល ដែលត្រូវបានបង្ហាញតាមរយៈនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗដូចជា៖ ការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (NDCs) និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) ដែលត្រូវបានធ្វើឡើង និងដាក់ផ្សាយទៅកាន់អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុផងដែរ ដើម្បីលើកឡើងពីកិច្ចសន្យារបស់កម្ពុជាក្នុងការសម្រេចបានទិសដៅការបញ្ចេញឧស្ម័នស្មើសូន្យ៕