កាន់តែច្បាស់ការណ៍ហើយ កាស៊ីណូកាឡាក់ស៊ីជ្រៃធំ ជាប់ព្រំដែនវៀតណាមខេត្ដកណ្ដាល
ខេត្ដកណ្ដាល៖ កាស៊ីណូកាឡាក់ស៊ីជ្រៃធំល្បីឈ្មោះមួយកន្លែង ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពូន ខេត្ដកណ្ដាល ជាប់ព្រំដែនកម្ពុជា វៀតណាម កាន់តែលាតត្រដាងការពិតហើយ ប្រើល្បិចកន្ទេលធំបន្លំដេក បើកភ្នាល់ល្បែងគ្រប់ប្រភេទ ប៉ុន្ដែគ្មានបង់ពន្ធត្រឹមត្រូវតាមច្បាប់ស្ដីពីពន្ធល្បែងស៊ីសងជូនរដ្ឋនោះទេ។
បើតាមការបំភ្លឺកន្លងមករបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល គឺហាក់បីដូចជាមានភាពមិនប្រក្រតី លើអាជ្ញាប័ណ្ណ និងប័ណ្ណប៉ាតង់ របស់ក្រុមហ៊ុនអាស៊ា អិល ធី ភី អេស ឯ.ក ដែលមាននាមករណ៍ កាឡាក់ស៊ីជ្រៃធំ ឈរឈ្មោះដោយលោក លឹម គីឡេង ជាម្ចាស់កាស៊ីណូ។
អ្វីដែលគួរឱ្យកត់សំគាល់នោះ ក្នុងប័ណ្ណប៉ាតង់ ដែលបានបង់ពន្ធអស់ ៣ លានរៀល នោះ គឺជាការបង់ពន្ធប៉ាតង់សម្រាប់សហគ្រាស អេស៊ា អិល ធី ភី អេស ឯ.ក ដែលប្រកបមុខរបរជា សណ្ឋាគារ និងភោជនីយដ្ឋាន គឺមិនមែនជាមុខរបរកាស៊ីណូដូចការបំភ្លឺនោះទេ ក្នុងប័ណ្ណប៉ាតង់នោះ គឺមានអាសយដ្ឋានស្ថិតនៅ ផ្ទះលេខ ៥៦១ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដ កណ្ដាល ឈរឈ្មោះដោយលោក លឹម គីឡេង សញ្ជាតិខ្មែរ គឺមិនមែនស្ថិតនៅ ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្ដកណ្ដាល ដូចមានក្នុងអាជ្ញាប័ណ្ណកាស៊ីណូនោះទេ។ តើអាជ្ញាប័ណ្ណកាស៊ីណូកាឡាក់ស៊ីជ្រៃធំ បានបង់ពន្ធជូនរដ្ឋឱ្យបានត្រឹមត្រូវដែរឬអត់? ហើយតើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជ្រួលជ្រាបដែរទេ? ព្រមទាំងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងស៊ីសង នៃក្រសួងមហាផ្ទៃបានទទួលជ្រាបទេទាន។
បើយោងតាមការចុះផ្សាយលើបណ្ដាញសារព័ត៌មានជាច្រើនអង្គភាពកន្លងមកនេះ កាស៊ីណូកាឡាក់ស៊ីជ្រៃធំ គឺបានធ្វើសកម្មភាពបន្ដពីជនជាតិចិន ចាប់តាំងពីចុងឆ្នាំ២០២១មកម៉្លេះ និយាយទៅមានរយៈពេលជាង ៣ឆ្នាំ ទៅហើយ ហើយបើត្រូវបង់ពន្ធត្រឹមត្រូវជូនរដ្ឋវិញ គឺមិនតិចលានដុល្លារនោះទេក្នុងមួយឆ្នាំៗ ។
តើមានអ្វីជាអាកំបាំងនៅពីខាងក្រោយ បានជាកាស៊ីណូនេះ ធ្វើសកម្មភាពយ៉ាងរលូន ដោយគ្មានអ្វីមកទើសទាល់បន្ដិចសោះយ៉ាងដូច្នោះទៅវិញ ..
ប្រជាពលរដ្ឋដែលរស់នៅជុំវិញកាស៊ីណូកាឡាក់ស៊ីជ្រៃធំបានលើកឡើងយ៉ាងច្បាស់ៗថា កាស៊ីណូនេះ បានបណ្ដែតបណ្ដោយ និងបើកដៃឱ្យជនជាតិខ្មែរមកពីគ្រប់ទិសទី ចូលលេងភ្នាល់សឹងរាល់ថ្ងៃ ដែលផ្ទុយពីច្បាប់ស្ដីពីល្បែងស៊ីសងកាស៊ីណូ នេះជាការប្រព្រឹត្ដិល្មើសពីបទបញ្ជារបស់រាជរដ្ឋាភិបាលអាណតិ្ដចាស់ ហើយក្នុងនោះគឺមានល្បែងជល់មាន់ ដែលកំពុងពេញនិយម និងមានអ្នកភ្នាល់សុទ្ធតែជាជនជាតិខ្មែរ ហើយការភ្នាល់នោះទៀតសោត គឺមានទំហំទឹកប្រាក់ច្រើនៗណាស់ គឺរាប់សិបម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃឯណោះ។
ប្រភពច្បាស់ការមួយបាននិយាយប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំថា កាស៊ីណូកាឡាក់ស៊ីជ្រៃធំនេះ មានម្ចាស់ភាគហ៊ុនធំ ជាបុរសជនជាតិ វៀតណាមម្នាក់ ដោយពុំស្គាល់ឈ្មោះ និងមានបុរសជនជាតិខ្មែរពីរនាក់ទៀត ឈ្មោះ ង៉ួន សុវណ្ណ និងឈ្មោះ ញ៉ ជាមេការចាត់ចែងបើឱ្យមានការភ្នាល់ល្បែងស៊ីសងគ្រប់ប្រភេទ រួមមានទាំង បៀរ និងអាប៉ោងផងដែរ។ នេះជាការបំផ្លាញនូវសុខសុវត្ថិភាពក្នុងមូលដ្ឋាន ដែលធ្វើឱ្យភូមិឃុំគ្មានសុវត្ថិភាព កើតឡើងនូវអំពើ លួច ឆក់ ប្លន់ និងការប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារជាដើម ដោយសារតែការចាញ់ល្បែង និងកើតជម្ងឺញៀនល្បែងលេងមិនឈប់។
បើយោងតាម÷ សេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកាលពីអាណាត់មុនកន្លងមក តាមលិខិតលេខ: ៦២.ស ស.រ ចុះនៅថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២២ ស្ដីពីការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលចុះហត្ថលេខាដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវអនុវត្តបង្ក្រាបនៅរាល់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ សម្ដេចក៏ធ្លាប់បានមានប្រសាសន៍និងលើកឡើងថា យើងមិនអាចឱ្យសភាពការណ៍បង្កឡើងបែបអាណាធិបតេយ្យ បណ្ដាលឱ្យមនុស្សជាច្រើនត្រូវខូចខាត និងត្រូវលក់មាន់ លក់ទានិងគោក្របី ត្រូវលក់ដីធ្លីដើម្បីចាញ់ល្បែងនោះទេ ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារសង្ឃឹមយ៉ាងមុតមាំងថា លោក ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល ដែលធ្លាប់តែមានស្នាដៃល្អៗ ក្នុងបង្ក្រាបបទល្មើសជូនប្រជាពលរដ្ឋជាច្រើនមកហើយ និងបន្ដចុះបង្ក្រាបទីតាំងល្បែងកាស៊ីណូកាឡាក់ស៊ីជ្រៃធំ ដែលកំពុងតែប្រព្រឹត្ដផ្ទុយពីច្បាប់នោះ ដើម្បីផ្ដល់មកនូវភាពសុខសាន្ដជូនប្រជាពលរដ្ឋក្នុងខេត្ដកណ្ដាល។
ការទទូចស្នើសុំរបស់ប្រជាពលរដ្ឋ គឺបាននឹងសង្ឃឹមថា ថ្នាក់ដឹកនាំខេត្ដកណ្ដាល ជាពិសេស ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងអាណត្ដិថ្មី នឹងទទួលបានជ្រាប ព្រមទាំងមានចំណាត់ការយ៉ាងម៉ឺងមាត់ចំពោះល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីរក្សាបាននូវភាពសុខសាន្ដពេញលេញជូនប្រជាពលរដ្ឋជាក់ជាមិនខាន។