ប្រធានមន្ទីរបរិស្ថាន ៥រូប ត្រូវបានប្ដូរភារកិច្ច ក្នុងអំឡុងពេល ១៨ខែ ក្នុងអាណត្ដិទី៧ នៃរដ្ឋសភាថ្មី
គិតចាប់ថ្ងៃចូលកាន់ដំណែង របស់គណៈរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋភាពកម្ពុជា ក្នុងវិស័យបរិស្ថាន មានប្រធានមន្ទីបរិស្ថាន ចំនួន ៥រូប នៃខេត្ដទាំង ៥ ត្រូវបានរបូតចេញពីតំណែង ជាប្រធានមន្ទីបរិស្ថាន ហើយតម្រូវឱ្យមកបំរើការនៅទីស្ដីការក្រសួងបរិស្ថានវិញ។
មន្ដ្រីប្រធានមន្ទីរបរិស្ថានទាំង ៥រូប ដែលត្រូវបានផ្ទេរភារកិច្ច ឬ តួនាទី ឱ្យមកបំរើការងារនៅទីស្ដីការក្រសួងបរិស្ថាននោះរួមមាន ទី១. លោក ឆៅ ប៊ុនធឿន ជាប្រធានមន្ទីបរិស្ថាន ខេត្ដមណ្ឌលគីរី ទី២. លោក គង់ ពុទ្ធិរ៉ា ជាប្រធានមន្ទីបរិស្ថាន ខេត្ដពោធិ៍សាត់ ទី៣. លោក តុប កក្ដដា ជាប្រធានមន្ទីរបរិស្ថាន ខេត្ដកំពង់ធំ ទី៤. លោក ឆាយ ឌួងសាវុធ ជាប្រធានមន្ទីរបរិស្ថានខេត្ដក្រចេះ និង ទី៥. លោក សុង ច័ន្ទសុជាតិ ជាប្រធានមន្ទីរបរិស្ថានខេត្ដព្រះវិហារ។
សូមបញ្ជាក់ផងដែរថា មន្ដ្រីជាប្រធានមន្ទីរបរិស្ថាន ដែលត្រូវបានប្ដូរ ឬផ្ទេរភារកិច្ចទាំង ៥រូប ខាងលើ សុទ្ធសឹងជាប្រធានមន្ទីរ ដែលកាន់តំណែងស្ថិតក្នុងខេត្ដដែលសំបូរព្រៃឈើ និង ធនធានធម្មជាតិ ក្នុងព្រះរាជាណាចក្រកម្ពុជា។
តើហេតុអ្វី បាជាមន្ដ្រី ជាប្រធានមន្ទីរបរិស្ថានទាំង ៥រូប ខាងលើនេះ ត្រូវបានរបូតចេញពីតំណែង ឱ្យទៅបំរើការនៅទីស្ដីការក្រសួងបរិស្ថានទៅវិញ?
បើតាមប្រភពព័ត៌មាន ដែលអង្គភាពសារព័ត៌មានយើងទទួលបាន ពីមន្ដ្រីក្រសួងបរិស្ថានម្នាក់សូមមិនបញ្ជេញឈ្មោះ បានប្រាប់ឱ្យដឹងថា ការប្ដូរ ឬ ដកតំណែងរបស់ប្រធានមន្ទីរបរិស្ថានទាំង ៥រូប ខាងលើ ជាការស្នើសុំផ្ទេរភារកិច្ចរបស់ អភិបាលនៃគណៈអភិបាលខេត្ដ ដែលជាប្រធានគណៈបញ្ជាការឯកភាពខេត្ដ មកកាន់ក្រសួងបរិស្ថាន។
តើពិតដែរឬទេ នេះជាយន្ដការ នៃការកែទម្រង់របស់រាជរដ្ឋាភិបាលអាណត្ដិថ្មី លើការគ្រប់គ្រងមន្ដ្រី បំពេញនូវចំណុចខ្វះខាត ឬការបង្កើនប្រសិទ្ធភាពលើការអនុវត្ដការងារ ដើម្បីការការពារសម្បត្ដិ ធនធនធម្មជាតិនៅកម្ពុជា ក្នុងនីតិកាលទី៧នេះ។
បើតាមឱ្យដឹងទៀតថា ថ្មីៗនេះមានការបង្ហាញឈ្មោះ ប្រធានមន្ទីរបរិស្ថានថ្មី ចំនួន ៥រូប មកជំនួសដំណែងរបស់ប្រធានមន្ទីបរិស្ថានចាស់ ដែលត្រូវផ្ទេរភារកិច្ចចេញ ក្នុងនោះមានដូចជា៖ ១.ប្ដូរពីលោក ឆៅ ប៊ុនធឿន ចេញ ជំនួសដោយលោក ហាស់ វិបុល ២.ប្ដូរពីលោក គង់ ពុទ្ធិរ៉ា ចេញ ជំនួសដោយលោក អេង រស្មី ៣.ប្ដូរពីលោក តុប កក្ដដា ចេញ ជំនួសដោយលោក អោង ប៊ុនធឿន ៤.ប្ដូរពីលោក ឆាយ ឌួងសាវុធ ចេញ ជំនួសដោយលោក គា ប៊ូ ៥.ប្ដូរពីលោក សុង សុជាតិ ចេញ ជំនួសដោយលោក មឿន សុភេទ។
សូមបញ្ជាក់ផងដែរថា ប្រធានមន្ទីរថ្មីទាំង ៥រូប ដែលនឹងត្រូវចូលកាន់ដំណែងជំនួយប្រធានមន្ទីរចាស់ មិនទាន់មានការប្រកាសចូលកាន់ដំណែងជាផ្លូវការនោះទេ។
មហាជន រង់ចាំមើលថា តើលោកប្រធានមន្ទីរបរិស្ថានខេត្ដថ្មីទាំង ៥រូប ខាងលើនេះ មានសមត្ថភាព និងយកចិត្ដទុកដាក់ក្នុងការអនុវត្ដន៍ ការការពារសម្បត្ដិធនធានធម្មជាតិ ដូចជាព្រៃឈើ សត្វព្រៃ និងរ៉ែធម្មជាតិ ជូនប្រមុខរាជរដ្ឋាភិបាលបានដែរឬទេ….។
សូមរំឭកថា ក្នុងសម័យសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ធ្លាប់បានដាក់ចេញនូវអភិក្រម ៥យ៉ាង គឺ ឆ្លុះកញ្ជក ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែលកំពុងនៅមានប្រសិទ្ធភាពរហូតមកដល់ពេលបច្ចុប្បន្ន និងទៅអនាគត។