ក្រោយមិនរំពឹងទុក្ខថា ទទួលបាននូវភាពយុត្តិធម៌ បាត់បង់ទំនុកចិត្ត គ្មានតម្លាភាព អស់ក្ដីសង្ឃឹមចំពោះលោក ឆៃ វណ្ណឌី អភិបាលស្រុកកោះធំ បានធ្វើរបាយការណ៍ភូតកុហកអភិបាលខេត្តកណ្តាល ក្រុមអាជីវករបានស្នើសុំសម្តេចតេជោ និងសម្តេចធិបតីជួយរកយុត្តិធម៌អោយជនរងគ្រោះ..!
ខេត្តកណ្តាល ៖ ក្រោយពីបានទទួលព័ត៌មានថា អភិបាលស្រុកកោះធំ លោក ឆែ វណ្ណឌី បានធ្វើរបាយការណ៍ភូតកុហក់អភិបាលខេត្តកណ្តាល ហើយកិច្ចអន្តរាគមន៍ដោះស្រាយក៏មិនទាន់ទទួលបានភាពយុត្តិធម៌នោះ ។ ប្រជាពលរដ្ឋ និងក្រុមអាជីវករ ក៏បាននាំគ្នាស្នើសុំដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ដោះស្រាយអោយក្រុមគ្រួសារក្រីក្រឈ្មោះ កើត ភូ និងប្រពន្ធឈ្មោះ អឹម អូន ដែលត្រូវបានបុគ្គលឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់ រំលោភបំពានយកតូបលក់ដូររបស់គាត់ ។
ចាប់តាំងពីពេលតូបលក់ដូរត្រូវបានគេរំលោភយក គ្រួសារក្រីក្រថែមទាំងមានជម្ងឺទឹកនោមផ្អែមប្រចាំកាយផងនោះ ឈ្មោះ កើត ភូ និងប្រពន្ធឈ្មោះ អុឹម អូន បានចល័តតាមរទេះលក់ស្លាបមាន់ គ្រួច ប្រហិតបំពង និងសាច់គោអាំងនៅក្នុងភូមិទាំងក្តីទទឹងរង់ចាំដំណោះស្រាយដោយយុត្តិធម៌ទទួលបានតូបលក់ដូរមកវិញ ។ ក្នុងសកម្មភាពកំពុងលក់ដូរនៅលើផ្លូវបេតុងក្នុងភូមិ គាត់បាននិយាយរៀបរាប់ពីការលំបាកអោយដឹងថា ។
មន្ត្រីនៅក្នុងការិយាល័យអន្តរវិស័យខេត្តកណ្តាលបាននិយាយប្រាប់ឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន ក្រោយពីគាត់បានដាក់ពាក្យប្តឹងសុំអន្តរាគមន៍ដោះស្រាយ ពីឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលបានចាត់អោយ លោកអភិបាលស្រុកកោះធំដោះស្រាយរួចរាយការណ៍មកខេត្តវិញ ។
ប៉ុន្តែអភិបាលស្រុកកោះធំ លោក ឆែ វណ្ណឌី បែរជាធ្វើរបាយការណ៍បង្វែរសាច់រឿងដោះស្រាយករណីរៀបចំសណ្តាប់ធ្នាប់ដាក់ជូន ឯកឧត្តមអភិបាលខេត្ត ទៅវិញ គឺមិនបានកោះអញ្ជើញគាត់ទៅដោះស្រាយតាមពាក្យបណ្តឹងសុំអន្តរាគមន៍ដោះស្រាយករណីគេចូលបំពានយកតូប លក់ដូររបស់គាត់ទេ ។
គួរបញ្ជាក់ទៀតថា ប្រជាពលរដ្ឋ និងក្រុមអាជីវករលក់ដូរនៅក្នុងផ្សារកោះធំសុទ្ធតែបានឃើញ និងបានដឹងហើយថែមទាំងបាននាំគ្នាផ្តិតមេដៃអះអាងថា ឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន ពិតជាមានទីតាំងតូបលក់ដូរ ដែលគេរំលោភបំពានយកពិតប្រាកដមែន ខណៈពេលដែលក្រុមគ្រួសារគាត់ មានធុរៈផ្អាកលក់ដូរមួយរយៈខ្លី ដោយសារឈ្មោះ កើត ភូ មានជម្ងឺជាទម្ងន់ ហើយត្រូវប្រពន្ធកូននាំយកទៅព្យាបាលនៅប្រទេសវៀតណាម ក្រោយពីបញ្ចប់ជម្ងឺកូវីដ-១៩ ។
បើតាមប្រភពព័ត៌មានពីមហាជនដាក់ការសង្ស័យថាប្រហែលមានការឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ ធ្វេីស៊ីតូបរបស់ប្រជាពលរដ្ឋរងគ្រោះជំពាក់វគ្គវិន ដោះស្រាយមិនចេញ ដែលស្ថិតក្រោមស្នាដៃ លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំទេដឹង? ទើបលោកធ្វើរបាយការណ៍ភូតកុហក ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បង្វែរសាច់រឿងទៅវិញ។
មិនតែប៉ុណ្ណោះលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ បានចេញសេចក្តីប្រកាសព័ត៌មានជូនសាធារណជននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ការចុះផ្សាយរបស់គេហទំព័រ និងសារ ព័ត៌មានគឺផ្ទុយស្រឡះពីការពិត មិនតែប៉ុណ្ណោះលោកទុករយៈពេល២៤ម៉ោង ឱ្យសារព័ត៌មាននោះមកបំភ្លឺនៅរដ្ឋបាលស្រុក ការចេញសេចក្តីប្រកាសព័ត៌មាននេះ ហាក់បីដូចជាមានការបិទបាំងរឿងលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ ដែលធ្វើរបាយការណ៍បង្វែរសាច់រឿងភូតកុហក ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ក៏ដូចជាបំបាក់ស្មារតីមកលើអ្នកសារព័ត៌មាន ដែលមានវិជ្ជាជីវៈ ផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋដែលជួបរឿងអយុត្តិធម៌ និងបានបង្ហាញភាពអសកម្មខ្លះៗជូនថ្នាក់ដឹកនាំ សង្ស័យប៉ះកន្លែងរសើប របស់លោកអភិបាលស្រុកកោះធំហើយទើបច្រឡោត ក្តៅស្លឹកត្រចៀកបែបនេះនោះ? ឬមួយប្រហែលជាលោកអភិបាលស្រុកមិនបានដឹងអំពីច្បាប់ស្ដីពី របបសារព័ត៌មាននៅកម្ពុជា ទេដឹង.?
សូមបញ្ជាក់ថាអង្គភាពសារព័ត៌មានយើងចុះផ្សាយដោយយោងទៅតាមលិខិតចុះថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល និងយោងទៅតាមកំណត់ហេតុរបស់រដ្ឋបាលស្រុកកោះធំចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ និងយោងតាមលិខិតលេខ០៧២៨ របស់រដ្ឋបាលស្រុកកោះធំ ចុះថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ នឹងយោងតាមពាក្យសុំអន្តរាគមន៍ដោះស្រាយ របស់ឈ្មោះ កើត ភូ និងអ្នកស្រី អឹម អូន រស់នៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ចុះថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០២៤ ព្រមទាំងលិខិតបង់ប្រាក់ចុះថ្ងៃទី២៩ ខែ០៦ ឆ្នាំ២០២០៕
អត្ថបទដោយ ៖ សេង សុខេង ស៦