សិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋាកិច្ចកម្ពុជា (ហូកា) និង ពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជះ ការិយាល័យជួរមុខ និង គេហកិច្ច
ខេត្តពោធិ៍សាត់ ៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ដោយមានការគាំទ្រ ពីគម្រោង (ហូកា) នៃក្រសួងទេសចរណ៍ និង កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខន់ថាក់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋាកិច្ចកម្ពុជា (ហូកា) និង ពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជះ ការិយាល័យជួរមុខ និងគេហកិច្ច ក្រោមវត្តមាន លោក ជួប រតនា ប្រធាន នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងគម្រោង (ហូកា) នៃក្រសួងទេសចរណ៍ លោក គង់ ដារ៉ា ប្រធានគ្រប់គ្រង់បណ្តុះបណ្តាលផ្នែក បដិសណ្ឋារកិច្ច នៃកម្មវិធីអភិវឌ្ឍន៍ជំនាញ និងលោក ស៊ិន ធា ប្រធានមន្ទីទេសចរណ៍ស្តីទី ខេត្តពោធិ៍សាត់។
ពិធីនេះធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ព្រមទាំង សិក្ខាកាមសរុបប្រមាណជាង១១៤ នាក់ ស្រី ៦២នាក់ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ។
លោក ស៊ិន ធា ប្រធានមន្ទីទេសចរណ៍ស្តីទីខេត្តពោធិ៍សាត់ បានថ្លែងថា កិច្ចព្រមព្រៀង សហប្រតិបត្តិការត្រីភាគីរវាងគណៈកម្មការគ្រប់គ្រងហូកានៃក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ ស្វីសខន់ថាក់ ស្តីពី “ ការអនុវត្តការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចសម្រាប់ខេត្តពោធិ៍សាត់ ” នៅថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែ សីហា ឆ្នាំ ២០២២ ។ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានសម្រេចលទ្ធផលដូចខាងក្រោម១.សិក្ខាសាលាបានចំនួន ២លើក មានអ្នកចូលរួម សរុប១៣៦ ស្រី៥៩នាក់។២.វគ្គបណ្តុះបណ្តាលទាំងផ្ទាល់និងប្រយោលបានចំនួនសរុប ៨លើក បានសិស្សចំនួន ១៦០នាក់ស្រី១០៥នាក់ ក្នុងនោះមាន វគ្គម្ហូបអាហារនិងភេសជ្ជៈ ចំនួន ៣វគ្គ (ផ្ទាល់៦ថ្ងៃពេញ និងប្រយោល៣ថ្ងៃ) វគ្គគ្រូបង្គោលម្ហូបអាហារនិងភេសជ្ជៈចំនួន ១វគ្គ (រយៈពេល៦ថ្ងៃពេញ) វគ្គការិយាល័យជួរមុខ ចំនួន ២វគ្គ (ផ្ទាល់៦ថ្ងៃពេញ និងប្រយោល៣ថ្ងៃ) វគ្គគេហកិច្ច ចំនួន ២វគ្គ (ប្រយោល៣ថ្ងៃ) សិក្ខាសាលាផ្សព្វផ្សាយចំនួន ២លើក បានចូលរួមកម្មវិធីផ្សេងៗ ដូចជាកិច្ចប្រជុំប្រចាំត្រីមាសជាមួយគម្រោងហូកា ក៏ដូចជា អង្គការស្វីសខន់ថាក់ ។
ក្នុងឱកាសនោះ លោក គង់ ដារ៉ា ប្រធានគ្រប់គ្រង់បណ្តុះបណ្តាលផ្នែក បដិសណ្ឋារកិច្ច នៃកម្មវិធីអភិវឌ្ឍន៍ជំនាញ និង លោក ជួប រតនា ប្រធាន នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ មានប្រសាសន៍លើកឡើងថា៖ កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) គឺជាគម្រោងរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ។ កម្មវិធី SDP ដំណាក់កាលទី២ (២០២០ – ២០២៤) ត្រូវបាន អនុវត្តដោយ ស្វីសខន់ថាក់ ក្នុងសម្ព័ន្ធជាមួយ involas និងសហការជាមួយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងទេសចរណ៍ និងមូលនិធិអភិវឌ្ឍន៍ជំនាញនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ សកម្មភាពរបស់កម្មវិធី SDP ត្រូវបានអនុវត្តដោយមានកិច្ចសហការយ៉ាងជិតស្និតជាមួយ រដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទីភ្នាក់ងារជាតិមុខរបរ និងការងារ គ្រឹះស្ថានផ្តល់សេវាបណ្តុះបណ្តាលទាំងរដ្ឋ និងឯកជន ក៏ដូចជាក្រុមហ៊ុន និងសហគ្រាសធុនតូចក្នុងវិស័យបដិសណ្ឋារកិច្ច និង វិស័យផ្សេងទៀត។ លោក មានប្រសាសន៍បន្តទៀតថា កម្មវិធី បណ្តុះបណ្តាលបដិសណ្ឋារកិច្ច កម្ពុជា (ហូកា) ត្រូវបានអនុវត្តដោយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខន់ថាក់ ជាគម្រោងគាំទ្ររបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបតិ្តបការ SDC នៅខេត្តគោលដៅចំនួន ១០ មានដូចជា ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ និងឧត្តមមានជ័យ។ ហើយក្នុងដំណាក់កាលទី៣ (២០២៤-២០២៨) (ហូកា) នឹងពង្រីកទៅខេត្តចំនួនពីរទៀត គឺខេត្តកោះកុង និងខេត្តកំពង់ឆ្នាំង។
បនា្ទប់មក លោក គង់ ដារ៉ា លោក ជួប រតនា និងលោក ស៊ិន ធា ក៏បានធ្វើពិធីប្រគល់វិញ្ញាបនបត្រ វគ្គបណ្តុះបណ្តាលបដិសណ្ឋាកិច្ចកម្ពុជា (ហូកា) ជូនដល់សិក្ខាកាមជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជះ ការិយាល័យជួរមុខ និងគេហកិច្ច សរុប ៦២នាក់ (ស្រី៤២នាក់) ផងដែរ៕