អភិបាលខេត្តពោធិ៍សាត់ បានព្រមានចៀរសាច់ស្អុយចេញ ចំពោះមន្ត្រីណាដែរឃុបឃិត ជាមួយបទល្មើសធនធានធម្មជាតិ
ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានធ្វើការព្រមានចៀរសាច់ស្អុយចេញ (ដកចេញពីតំណែង) ចំពោះមន្ត្រីមួយចំនួនណា ដែលឃុបឃិតជាមួយជនបំផ្លិច បំផ្លាញធនធានធម្មជាតិ (ពិសេសបទល្មើសព្រៃឈើ) ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន កំពុងគ្រប់គ្រង ស្ថិតក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខណ:សព្វថ្ងៃនេះមន្ត្រី និងក្រុមជនល្មើសទាំងនោះ កំពុងគប់គិតគ្នាជាលក្ខណ:ប្រព័ន្ធ។
ការព្រមានចៀរសាច់ស្អុយ នេះ ធ្វើឡើងក្នុងកិច្ចប្រជុំអនុគណ:កម្មការថ្នាក់ខេត្តទាំង០៩ក្រុម ដើម្បីទប់ស្តាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ នាសៀលថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៤ នៅសាលាខេត្តពោធិ៍សាត់។
លោក ខូយ រីដា បានសង្កត់ធ្ងន់ថា ការប្រជុំលើកនេះ មិនមែនឲ្យអស់លោកទៅបង្ក្រាបទេ គឺចុះចាប់តែម្តង ចំពោះមន្រ្តីណាបើកភ្លើងខៀវឲ្យជនខិលខូច ចូលកាប់និងដឹកជញ្ជូនព្រៃឈើយ៉ាងរលូន ក្នុងដែនសមត្ថកិច្ចរបស់ខ្លូន ហើយលោកនិងសុំគោលការណ៍ទៅប្រមុខរាជរដ្ឋាភិបាល អនុវត្តអភិក្រមទី៥ គឺការវះកាត់តែម្តង។
ទន្ទឹមនេះ លោកអភិបាលខេត្ត សូមឲ្យអនុគណ:កម្មការទាំង០៩ក្រុមត្រូវ៖
១.ត្រួតពិនិត្យនិងការពារដីដែលបានដកហូត និងដីឃ្លុំទុកកន្លងមក
២.ពិនិត្យករណីកំពុងកាប់ទន្ទ្រានថ្មីៗ
៣.ឡើងផែនទីកំណត់មុខសញ្ញា
៤.ក្នុងករណីប្រទះឃើញដុតព្រៃកន្លែងណា កំណត់មុខសញ្ញាស្រាវជ្រាវ ចាប់ជនប្រព្រឹត្តនៅនឹងកន្លែង។
លោកអភិបាលខេត្ត បានណែនាំឲ្យអនុគណ:កម្មការទាំង៩ក្រុម យកស្មារតីនៃអង្គប្រជុំនេះ ឲ្យអនុវត្តទទូលបានជោគជ័យ និងមានប្រសិទ្ធបំផុត ដោយឈរលើមូលដ្ឋានច្បាប់។