ឯកឧត្តម សាន់ យូ បានដឹកនាំក្រុមការងារនាំយក ប្រេង ម៉ា ស៊ុត និងថវិកា របស់ឯកឧត្តមស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ចែកជូនបងប្អូនប្រជាពលរដ្ឋ ជាប្រជាកសិករ ក្នុងស្រុកកំពង់លែង
កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បាននាំយក ថវិកា របស់ឯកឧត្តមអភិបាលខេត្ត ចំនួន ២លានរៀល និងប្រេងម៉ាស៊ុត ១៥០លីត្រ ជូនប្រជាកសិករ ក្នុងឃុំពោធិ៍ ស្រុកកំពង់លែង សម្រាប់ជាមធ្យោបាយបូមទឹក សង្គោះស្រែប្រាំង លើផ្ទៃដីជិត ៥០០ ហិចតា នៅចំណុចបឹងលាងជើង និងបឹងខ្នាយរំាង និងបន្តចុះពិនិត្យការស្តារប្រឡាយមេ ក្នុងតំបន់ ២ ក្នុងឃុំត្រងិល និងស្វាយរំពារ ក្នុងនោះដែរក៏មានលោកយ៉ែម លក្ខិណា អភិបាល នៃគណៈអភិបាលស្រុកកំពង់លែង និង អភិបាលរង ស្រុក ព្រមទាំងកងកម្លាំង និងកម្លាំងយុវជនចូលរួមផងដែរ។
ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង លើកឡើងថា៖ អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដើម្បីចុះតាមគោលដៅដែលប្រជាពលរដ្ឋធ្វើស្រែខ្វះខាតទឹក ក្រុមការងារបានចុះមកផ្ទាល់ ហើយទីនេះជាគោលដៅទីមួយ ដែលបានដាក់បូមទឹកពីរទន្លេមកអាងស្តុបទឹកចាស់ បូមបន្តចែកចាយជូនប្រជាពលរដ្ឋ ប្រមាណជិត៤០០ហិចតា ជាកន្លែងទទួលរងខ្វះខាតទឹក ។
នៅព្រឹកថ្ងៃដដែល ឯកឧត្តមអភិបាលរងខេត្ត បានបន្តដំណើរជាមួយនឹងក្រុមការងារ ដើម្បីពិនិត្យទៅលើការស្ដារប្រឡាយមេ ស្ថិតនៅក្នុងឃុំស្វាយរំពារ និងឃុំត្រងិល ដែលអាចស្រោចស្របផ្ទៃដីលើស្រែប្រាំងជាង១០០០ហិចតា បច្ចុប្បន្ននេះក្រុមការងារក្នុងការស្ដារប្រឡាយបានសម្រេច ៩០% ។
បន្ទាប់ពីបានទទួលបានការឧបត្ថមប្រេងម៉ាស៊ូត រួចមក ប្រជាកសិករ នៅតំបន់នោះសម្តែងអារម្មណ៍ និងទឹកចិត្តសប្បាយ រីករាយជាពន់ពេក ខណៈដែលរដ្ឋបាលខេត្តកំពង់ឆ្នាំង ជាពិសេសថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ក្នុងការខ្វះខាត និងសង្គ្រោះ ដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋបានទាន់ពេលវេលា៕