ឯកឧត្ដម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះសួរសុខទុក្ខជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លេីងចូលបាញ់ប្រហារដល់ក្នុងផ្ទះ
ភ្នំពេញ៖ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយ រីដា នារៀលថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជេីញចុះជួបសួរសុខទុក្ខជនរងគ្រោះចំនួន ៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលត្រូវខ្មាន់កាំភ្លេីងចូលបាញ់ប្រហារប៉ុនប៉ងសម្លាប់ដល់ក្នុងផ្ទះ កាលពីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។
ឯកឧត្តម ខូយ រីដា សូមឲ្យជនរងគ្រោះសម្រាកព្យាបាលថែទាំសុខភាពឱ្យបានល្អ កុំបារម្ភរឿងផ្សេងទៀត ព្រោះសមត្ថកិច្ចជំនាញក្នុងខេត្ត បានសហការជាមួយសមត្ថកិច្ចក្រសួង កំពុងធ្វេីការស្រាវជ្រាវរកមុខសញ្ញាដេីម្បីយកមកផ្តន្ទាទោសតាមច្បាប់អោយបាន ។ ឯកឧត្តម និងលោកជំទាវ បានជូនថវិកាដល់ជនរងគ្រោះទាំងបីនាក់ ក្នុងម្នាក់ទទួលបានថវិកា៥០មុឺនរៀល។ ក្នុងនោះ ឯកឧត្តម បានថ្លែងអំណរគុណដល់ក្រមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលបានយកចិត្តទុកដាក់ក្នុងការជួយសង្រ្គោះអាយុជីវិតជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារនេះ។
សូមបញ្ជាក់ផងដែរថា ខ្មាន់កាំភ្លើងមិនស្គាល់មុខចំនួន ០៣នាក់ ប្រដាក់ដោយអាវុធខ្លីមិនស្គាល់ម៉ាក បានជិះម៉ូតូ ០១គ្រឿង មកឈប់មុខផ្ទះជនរងគ្រោះ រួចដើរចូលទៅបាញ់មនុស្សដែលកំពុងជួបជុំគ្នាទទួលទានអាហារពេលល្ងាច បណ្ដាលឲ្យរងរបួសចំនួន ០៣នាក់ នៅវេលាម៉ោងប្រមាណជាង ៧យប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ នៅភូមិបណ្ដុះសណ្ដែក សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់។
បើតាមការបញ្ជាក់ របាយការណ៍របស់នគរបាលបានឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍អំពើបាញ់ប្រហារមានចំនួន ០៣នាក់ ទី១- ឈ្មោះ ទិត្យ កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករទិញ-លក់ត្រី បានរងរបួសធ្ងន់កំពុងស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ទី២- ឈ្មោះ ជា វួចហេង ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ និងទី- ៣ ឈ្មោះ ជា ណៃហួយ ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្ដាយ រងរបួសកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
ក្នុងរូបភាពតាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញអោយដឹងថា ខ្មាន់កាំភ្លើងមានគ្នា ០២នាក់ មធ្យោបាយដោយម៉ូតូ ០១គ្រឿង អ្នកបើកបរម៉ូតូពាក់មួកកាតិប ចំណែកអ្នករួមដំណើរ គឺជាជនដៃដល់ ពាក់អាវស ពាក់មួកសុវត្ថិភាព បានចុះពីម៉ូតូដើរសំដៅចូលទៅដោយមានកាន់អ្វី១ដុំដាក់ទៅលើតុហើយទាញមកវិញ ខណៈនោះក៏បានដកអាវុធខ្លីពីចង្កេះបាញ់សំដៅទៅក្រុមគ្រួសាររងគ្រោះចំនួន ០៦គ្រាប់ បណ្ដាលឲ្យរបួសដួលរដូករណែល ភ្លាមៗនោះជនបង្កបានរត់ឡើងម៉ូតូជិះគេចខ្លួនបាត់។ ក្រោយកើតហេតុបន្តិចសមត្ថកិច្ចបានចុះស្រាវជ្រាវជុំវិញករណីនេះភ្លាមៗ។