ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចុះពិនិត្យសកម្មភាពតាក់តែងវិញ្ញាសាការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយនិងកីឡា
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានចុះពិនិត្យសកម្មភាពតាក់តែងវិញ្ញាសា របស់គណៈមេប្រយោគ នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយនិងកីឡា នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នាមណ្ឌលប្រឡងវិញ្ញាសាសរសេរ ស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មការរៀបចំការប្រឡងប្រជែង រួមមាន៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអង្គភាពពាក់ព័ន្ធ ដែលបានសិក្សាគ្រប់ជ្រុងជ្រោយនូវលទ្ធភាពរៀបចំការប្រឡងប្រជែងនាថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ នេះ ទាំងការតាក់តែងវិញ្ញាសាច្រើនជាងមួយជម្រើស ដោយជ្រើសយកជម្រើសតែមួយ មុនការប្រឡងប្រព្រឹត្តទៅ ក៏ដូចជាសណ្តាប់ធ្នាប់មណ្ឌលប្រឡង ពោរពេញដោយភាពហ្មត់ចត់ សុក្រឹតភាព និងសង្គតិភាព ដោយឈរលើស្មារតី “ចេះ គឺជាប់” “ជាប់ដោយមោទនៈ និងធ្លាក់ដោយអស់ចិត្ត” ដើម្បីជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ចំនួន ១០០នាក់ ចេញពីបេក្ខជនប្រឡង ១ ៨៩២នាក់ (ស្រី្ត ៥៧៩នាក់) ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ។ សូមបេក្ខជនប្រឡងប្រជែង ខិតខំឱ្យអស់ពីសមត្ថភាព ទាំងវិញ្ញាសាសរសេរនាថ្ងៃនេះ និងវិញ្ញាសាអនុវត្តន៍កីឡា នៅថ្ងៃបន្តបន្ទាប់ ដោយមិនត្រូវធ្វេសប្រហែសលើវិញ្ញាសាណាមួយឡើយ ។