ស្ថានភាពទឹកស្ទឹងព្រែកត្នោត បានហក់ឡើង បណ្ដាលឱ្យមានការលិច ផ្ទះពលរដ្ឋមួយចំនួន!
នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ស្ថានភាពទឹកជំនន់នៅតាមស្ទឹងព្រែកត្នោត បានបន្តហក់ឡើងកាន់តែខ្លាំង ដោយជនលិចចូលតាមបណ្ដាផ្ទះប្រជាពលរដ្ឋ ក្នុងភូមិមួយចំនួន នៅក្បែរស្ទឹងព្រែកត្នោត ជាពិសេសក្នុងសង្កាត់ស្ពានថ្ម និងសង្កាត់គងនយ ក្នុងមូលដ្ឋានខណ្ឌដង្កោតែម្ដង។
ពោលត្រឹមតែរយៈពេលមិនដល់កន្លះម៉ោងផងនោះ ទឹកបានហូរឡើងចេញពីស្ទឹងព្រែកត្នោត លិចចូលតាមបណ្តាភូមិ និងខ្នងផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួន។
ក្នុងស្ថានភាពនេះដែរ ប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាប្រមូលសម្ភារៈ និងទ្រព្យសម្បត្តិសំខាន់ៗក្នុងផ្ទះយកទៅដាក់នៅតាមទីតាំងសមគួរ ឬកន្លែងដែលមានសុវត្ថិភាពជាដើម ដើម្បីការពារទុកមុន ក្រែងស្ថានភាពទឹកស្ទឹងនៅតែបន្តហក់ឡើង អាចបណ្តាលអោយខូចដល់ទ្រព្យសម្បត្តិ ពីព្រោះស្ថានភាពទឹកនៅតែបន្តហូរចូលទៅតាមខ្នងផ្ទះប្រជាពលរដ្ឋមួយចំនួនទៀតនាពេលនេះ។
គិតត្រឹមល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៣នេះ ទឹកជំនន់ស្ទឹងព្រែកត្នោតបានជន់លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ៦៣ គ្រួសារ ស្នើនឹង ៥៧ ខ្នងផ្ទះ ស្ថិតក្នុងសង្កាត់សង្កាត់គងនយ និងសង្កាត់ស្ពានថ្ម នៃខណ្ឌដង្កោ។ នេះបើយោងតាមរបាយការណ៍បឋមរបស់អាជ្ញាធរ។
របាយការណ៍ដដែលបញ្ជាក់ថា សង្កាត់ដែលរងការជន់លិចនោះរួមមាន៖ ១-សង្កាត់គងនយ ៖ ចំនួន០៣ភូមិ ចំនួនខ្នងផ្ទះ២៥ ចំនួនគ្រួសារ៣០ និង មនុស្ស១៣៩នាក់ ។ ២-សង្កាត់ស្ពានថ្ម៖ ចំនួន០៤ភូមិ ចំនួនខ្នងផ្ទះ៣៣ ចំនួនគ្រួសារ៣៣ និង មនុស្សចំនួន១៥១នាក់ ។ សរុបទាំង ០២សង្កាត់ ស្មើ០៧ភូមិ ចំនួនខ្នងផ្ទះ៥៧ ចំនួនគ្រួសារ៦៣ និង មនុស្សចំនួន២៩០នាក់៕
ចំណែកកាលពីម្សិលមិញតំបន់ផ្ទៃរងទឹកភ្លៀងទាំង៣ផ្នែកធំៗ របស់ស្ទឹងព្រែកត្នោត មិនមានភ្លៀងធ្លាក់នោះទេ។ លើកលែងតែ ស្ទឹងស្រែខ្លុង ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានភ្លៀងធ្លាក់ក្នុងកម្រិតប្រមាណ៥០ ទៅ៦០មីលីម៉ែត្រ។ ការកើនឡើងទឹកស្ទឹងព្រែកត្នោតនៅពេលនេះ បណ្ដាលមកពីភ្លៀងធ្លាក់ ២ទៅ៣ថ្ងៃផ្ទួនៗគ្នាក្នុងកម្រិតពីតិចទៅបង្គួរ។
តាមការព្យាកររបស់ក្រសួងធនធានទឹក ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា កម្ពុជានឹងបន្តធ្លាក់អាច ភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះ នៅតាមតំបន់ខ្លះអាចមានភ្លៀងធ្លាក់បង្គួរ លាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០ភាគរយ ទៅ ៦០ភាគរយ៕
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅជាប់មាត់ស្ទឹងព្រែកត្នោត សូមមានការប្រុងប្រយ័ត្នទាំងអស់គ្នា នឹងរក្សារស្មារតីអោយបានល្អគ្រប់ៗគ្មា។